ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែបនិងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ធ្នូ ២០១៦ ។ រីឯចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ធ្នូ បណ្តាខេត្តនៅតាមតំបន់ខ្ពង់រាបនិងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់១៧-១៩អង្សាសេ។
នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងធនធានទឹកនិង ឧតុនិយមចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី១១ ធ្នូ ២០១៦ ។
ក្រសួងជំនាញដដែលបានពន្យល់ថា មូលហេតុដែលខេត្តចំនួន៨និងតំបន់ខ្ពង់រាបនិងជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងសីតុណ្ហភាពអប្បបរមាចុះក្នុងរង្វង់១៧-១៩អង្សាសេខាងលើនេះ ដោយសារកម្ពុជាបាននិងកំពុងទទួលរងឥទ្ឋិពលខ្យល់មូសុងឦសានខ្សោយ និង នៅសមុទ្រចិនខាងត្បូងមានកើតឡើងនូវសម្ពាធទាបមួយដែលវានឹងបង្កើនឥទ្ឋិពលបន្តិចម្តងៗមកលើតំបន់ឥណ្ឌូចិន។