តួនាទី ភារកិច្ច  CHF

សាវតារ

អង្គការ PADEK គឺជាអ្នកដឹកនាំគម្រោង «ពង្រឹងសមត្ថភាពឆ្លើយតបគ្រោះអាសន្ននៃអង្គការមនុស្សធម៌នៅកម្ពុជា» ដោយសម្របសម្រួលបង្កើតជា វេទិកាមនុស្សធម៌កម្ពុជា (CHF)។ CHF ក្រោមការ​ឧបត្ថម្ភគាំទ្រជាថវិកាពី USAID/OFDA បានចាប់ផ្តើមអនុវត្តនៅខែឧសភា ឆ្នាំ២០១២។ គម្រោងនេះសម្របសម្រួលដោយ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ដោយមានដៃគូរក្នុងប្រទេសជាមួយ NCDM និងសាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ។ គោលដៅរបស់គម្រោងគឺ ពង្រឹងការឆ្លើយតបមនុស្សធម៌ទៅនឹងគ្រោះមហន្តរាយនៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពជាអ្នកដឹកនាំដល់អង្គការខ្មែរ ដើម្បីភ្ជាប់ទំនាក់ទំនងការងារមនុស្សធម៌ឲ្យកាន់តែប្រសើរឡើង ការផ្តល់ចំណេះដឹង ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់។

ទស្សន:វិស័យ

ធ្វើការគាំពារ និងលើកកំពស់សេចក្តីថ្លៃថ្នូរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាមួយការការពារ និងការកាត់បន្ថយទុក្ខវេទនា។

បេសកកម្ម

ធ្វើឲ្យកាន់តែប្រសើរឡើងនូវរាល់សកម្មភាពការងារមនុស្សធម៌ លើការងារសង្គ្រោះជីវិតក្នុងកម្រិតសហគមន៍ ក្នុងពេលមាន គ្រោះមហន្តរាយ តាមរយ:ការកសាងសមត្ថភាព និងវគ្គបណ្តុះបណ្តាល គណនេយ្យភាព កិច្ចសហប្រត្តិបត្តិការសម្របសម្រួល និងបទដ្ឋានគុណភាពនៃជំនួយមនុស្សធម៌។​

គោលបំណង

ពង្រឹងការងារឆ្លើយតប ជាមួយគ្រោះមហន្តរាយក្នុងប្រទេសកម្ពុជា តាមរយ:ការបង្កើនសមត្ថភាពដឹកនាំនៃអង្គការមនុស្សធម៌ ដើម្បីចូលរួមក្នុងរង្វង់ការងារជំនួយមនុស្សធម៌តាមរយ:ការផ្តល់ធនធានជាចំណេះដឹង វគ្គបណ្តុះបណ្តាល និងការណែនាំ។

ទិសដៅ

  • ផ្តល់នូវវេទិកាបណ្តាញសម្រាប់ប្រមូល និងចែកចាយព័ត៌មាន ព្រមទាំងការប្រាស្រ័យទាក់ទងដើម្បីជួយដល់អ្នករងគ្រោះឲ្យទទួលបានតាមតម្រូវការ
  • ជួយលើកកំពស់ការយល់ដឹងរវាងអង្គការ ដែលធ្វើការងារផ្តល់ជំនួយមនុស្សធម៌ និងអង្គការដែលធ្វើការងារអភិវឌ្ឍន៍ តាមរយ:ការងារតស៊ូមតិ ទាមទារឲ្យបានកាន់តែប្រសើរលើការងារផ្តល់ជំនួយមនុស្សធម៌
  • បង្កើន និងពង្រឹងសមត្ថភាពផ្នែកការងារត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនិងគណនេយ្យភាពខ្ពស់ សម្រាប់រាល់ការងារផ្តល់ជំនួយមនុស្សធម៌
  • ចូលរួមការងារឆ្លើយតបក្នុងលក្ខណ:ជាបណ្តាញតែមួយ សម្រាប់រាល់ការងារ ឬសកម្មភាពជំនួយមនុស្សធម៌ក្នុងកម្រិតសហគមន៍។

គណៈកម្មការប្រតិបត្តិ នៃវេទិកាមនុស្សធម៌កម្ពុជា

  • ដឹកនាំវេទិកាមនុស្សធម៌កម្ពុជា
  • ដឹកនាំអង្គប្រជុំទាំងឡាយរបស់វេទិកាមនុស្សធម៌កម្ពុជារៀបចំរបៀបវារ:សម្រាប់ការប្រជុំ ព្រមទាំងធ្វើរបាយការណ៍នៃអង្គប្រជុំទាំងនោះ
  • ផ្អែកលើលទ្ធផលនៃការប៉ាន់ប្រមាណតម្រូវការនៃវគ្គបណ្តុះបណ្តាលចូលរួមផ្តល់យោបល់ និងចូលរួមធ្វើការសម្រេចចិត្តទៅលើប្រធានបទដែលត្រូវបង្រៀន
  • ដឹកនាំកិច្ចសហប្រត្តិបត្តិការសម្របសម្រួលជាមួយសមាជិក CHF ក៏ដូចជាជាមួយស្ថាប័នដ៏ទៃ និងជាមួយស្ថាប័នរដ្ឋាភិបាល នៅពេលធ្វើការងារឆ្លើយតបជាមួយគ្រោះមហន្តរាយ
  • ដឹកនាំកិច្ចសហប្រត្តិបត្តិការសម្របសម្រួលក្នុងការងារប៉ាន់ប្រមាណ និងការស្វែងរកធនធានដើម្បីឆ្លើយតបទៅនិងគ្រោះមហន្តរាយ
  • ចូលរួមក្នុងនាមជាតំណាងឲ្យ CHF នូវរាល់អង្គប្រជុំជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គប្រជុំដ៏ទៃទៀតដែលពាក់ព័ន្ធជាមួយនិងការងារគ្រោះមហន្តរាយ
  • ធ្វើការតស៊ូមតិជាមួយរដ្ឋាភិបាល ទៅលើបញ្ហាចាំបាច់ទាំងឡាយដើម្បីជាប្រយោជន៍ដល់ជនក្រីក្រ និងអ្នករងគ្រោះ
  • ទំនាក់ទំនងជាមួយអង្គការជាតិ និងអន្តរជាតិនានា ដើម្បីជាប្រយោជន៍ដល់វេទិកាCHF
  • ធ្វើការចែកចាយព័ត៌មានចាំបាច់នានាដល់សមាជិកវេទិកា CHF
  • ធ្វើការសហការយ៉ាងជិតស្និទជាមួយលេខាធិការដ្ឋាន CHF ក្នុងការធ្វើផែនការការស្វែងរកធនធាន និងការកសាងគម្រោងស្នើសុំជាដើម
  • ធ្វើការសហការជាមួយម្ចាស់ជំនួយ ដៃគូរ និងលេខាធិការដ្ឋាន CHF
  • ចូលរួមធ្វើការសម្រេចចិត្តនិងគិតគូរពីការងារកសាងសមត្ថភាព របស់សមាជិក CHF
  • ត្រួតពិនិត្យតាមដានសភាពការគ្រោះមហន្តរាយជាប្រចាំ និងធ្វើការជូនដំណឹងដល់សមាជិក CHF និងស្ថាប័នពាក់ព័ន្ធក្នុងករណីចាំបាច់

តួនាទីអ្នកសម្របសម្រួលតំបន់

  • ដឹកនាំកិច្ចសហប្រតិបត្តិការសម្របសម្រួល ជាមួយសមាជិកវេទិកានៅក្នុងតំបន់ របស់ខ្លួន
  • ដឹកនាំកិច្ចសម្របសម្រួលក្នុងការងារប៉ាន់ប្រមាណតម្រូវការ និងការងារសម្របសម្រួលគ្រោះអាសន្ន
  • ធ្វើរបាយការណ៍ (របាយការណ៍ស្ថានភាព របាយការណ៍ឆ្លើយតប របាយកាណ៍ប៉ាន់ប្រមាណតម្រូវការគ្រោះមហន្តរាយ) និងផ្ដល់ព័ត៌មានដែលពាក់ព័ន្ធផ្សេងៗមកគណៈកម្មាធិការប្រតិបត្តិ និងលេខាធិការដ្ឋាន
  • ធ្វើការសហការយ៉ាងជិតស្និទជាមួយស្ថាប័នរដ្ឋាភិបាល (គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត) និងដៃគូរវេទិការដទៃ
  • ជាតំណាងគណៈកម្មការប្រតិបត្តិនៅក្នុងតំបន់

តួនាទីអ្នកសម្របសម្រួលខេត្ត

  • ផ្ដល់ការគាំទ្រដល់អ្នកសម្របសម្រួលតំបន់
  • ដឹកនាំសម្របសម្រួលនៅក្នុងខេត្តរបស់ខ្លួន លើការងារត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ
  • ធ្វើការសហការយ៉ាងជិតស្និទជាមួយស្ថាប័នរដ្ឋាភិបាល (គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត) និងដៃគូរវេទិការដទៃនៅក្នុងខេត្តរបស់ខ្លួន
  • ប្ដេជ្ញាចិត្តចូលរួមរាល់សកម្មភាពត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនៅក្នុងខេត្ត
  • ធ្វើរបាយការណ៍ (របាយការណ៍ស្ថានភាព របាយការណ៍ឆ្លើយតប របាយកាណ៍ប៉ាន់ប្រមាណតម្រូវការគ្រោះមហន្តរាយ) របស់ខេត្តខ្លួន
  • ជូនអ្នកសម្របសម្រួលតំបន់

តួនាទីលេខាធិការដ្ឋាន

  • ផ្តល់នូវវិស័យបច្ចេកទេសដើម្បីដំណើរការវេទិកា
  • ផ្តល់មតិយោបល់ ដំបូន្មាន និងសេវាបម្រើដល់សមាជិកវេទិកា និងគណៈកម្មការប្រតិបត្តិ CHF
  • ជួយដល់គណៈកម្មការប្រតិបត្តិ CHF ក្នុងការរៀបចំអង្គប្រជុំ ឬសិក្ខាសាលានានា
  • រៀបចំមេរៀនសម្រាប់វគ្គបណ្តុះបណ្តាលនិងរៀបចំវគ្គបណ្តុះបណ្តាលទាំងនោះ
  • ជួយមើលការខុសត្រូវរាល់ការងារទាំងអស់របស់ CHF
  • ជួយដល់គណៈកម្មការប្រតិបត្តិ CHF ក្នុងការងារតស៊ូមតិទាំងឡាយ
  • អនុវត្តផែនការការងាររបស់ CHF
  • រៀបចំអង្គប្រជុំរបស់ CHF ធ្វើលិខិតអញ្ជើញ និងធ្វើកំណត់ហេតុនៃអង្គប្រជុំទាំងនោះ
  • ធ្វើការចែកចាយព័ត៌មានផ្សេងៗរបស់ CHF ដល់សមាជិក CHF និងភាគីពាក់ព័ន្ធ
  • ជួយដល់គណៈកម្មការប្រតិបត្តិ CHF ក្នុងការស្វែងរកធនធានដើម្បីដំណើរការងារCHF
  • ផ្តល់កិច្ចសហការដល់គណៈកម្មការប្រតិបត្តិ CHF ក្នុងការកសាងសមត្ថភាពរបស់សមាជិក CHF
  • ជួយដល់គណៈកម្មការប្រតិបត្តិ CHF ក្នុងការកសាងផែនការយុទ្ធសាស្ត្ររបស់ CHF
  • ទំនាក់ទំនងតភ្ជាប់ CHF ជាមួយថ្នាក់ជាតិថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ
  • រៀបចំទុកដាក់ថែរក្សារឯកសាររបស់ CHF ឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស
  • ផ្តល់នូវទម្រង់បែបបទសម្រាប់ការងារត្រួតពិនិត្យវាយតម្លៃ និងរបាយការណ៍
  • ជួយអន្តរាគមន៍ដល់សមាជិក CHF ដែលរងគ្រោះដោយគ្រោះមហន្តរាយ

តួនាទីសមាជិកវេទិកា CHF

  • ចូលរួមក្នុងអង្គប្រជុំ ឬសិក្ខាសាលារបស់ CHF យ៉ាងសកម្ម និងទៀងទាត់
  • ចូលរួមក្នុងការជ្រើសរើសសមាសភាពគណកម្មការ CHF ជារៀងរាល់អាណត្តិ
  • ចូលរួមចែកចាយចំណេះដឹង និងបទពិសោធន៍ផ្សេងៗដែលទាក់ទងទៅនឹងការងារត្រៀមបង្ការឆ្លើយតបទៅនិងគ្រោះមហន្តរាយដល់សមាជិក CHF ទាំងអស់
  • ផ្តល់មតិយោបល់ដល់គណកម្មការ CHF
  • ចូលរួមក្នុងការងារត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ឬការងារសង្គ្រោះបន្ទាន់នានា
  • ចូលរួមសហការជាមួយលេខាធិការដ្ឋាន CHF
  • មានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិ និងអ្នកសម្របសម្រួលតាមខេត្ត និងតាមតំបន់
  • ចូលរួមក្នុងការធ្វើផែនការនានារបស់ CHF
  • ជួយចែកចាយព័ត៌មានស្តីពីគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ
  • ចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលនានាដែលផ្តល់ជូនដោយ CHF
  • ជួយបំផុសការយល់ដឹងអំពីការងារត្រៀមបង្ការគ្រោះមហន្តរាយនៅថ្នាក់សហគមន៍
  • ចូលរួមចំណែកក្នុងការងារប៉ាន់ប្រមាណពេលមានគ្រោះមហន្តរាយកើតឡើង
  • ចូលរួមលើកកំពស់គណនេយ្យភាពតម្លាភាព និងគុណភាពចំពោះរាល់ការងារដែលខ្លួនត្រូវធ្វើ
  • រួមគ្នាជួយជ្រោមជ្រែងនិងពង្រឹងដល់លេខាធិការដ្ឋាន
  • ធ្វើរបាយការណ៍ (របាយការណ៍ស្ថានភាព របាយការណ៍ឆ្លើយតប របាយកាណ៍ប៉ាន់ប្រមាណតម្រូវការគ្រោះមហន្តរាយ) ជូនអ្នកសម្របសម្រួលខេត្តរបស់ CHF

ភាពជាសមាជិកនិងការចុះឈ្មោះជាសមាជិក

  • សមាជិកភាពគួរត្រូវបានរាប់បញ្ចូល និងបើកទូលាយដល់រាល់អង្កការដែលធ្វើការផ្តល់ជំនួយមនុស្សធម៌ដល់អ្នករងគ្រោះដោយគ្រោះមហន្តរាយ ជាពិសេសអង្គការខ្មែរទាំងអស់ និងអង្គការសង្គមស៊ីវីលដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជា
  • អង្គការមនុស្សធម៌ អង្គការសង្គមស៊ីវីល និងអង្គការខ្មែរទាំងឡាយណាដែលចង់ចូលជាសមាជិកវេទិកាមនុស្សធម៌កម្ពុជា ត្រូវដាក់ពាក្យសុំចុះឈ្មោះតាមគេហទំព័រ CHF (www.chfcambodia.net) និងផ្ញើពាក្យសុំចុះឈ្មោះទៅលេខាធិការដ្ឋាន CHF។ បុគ្គលិកលេខាធិការដ្ឋាននឹងធ្វើការពិនិត្យលើសមាសភាព និងប្រវត្តិរបស់អង្គការនោះ រួចហើយនឹងជូនយោបល់ដល់គណៈកម្មការប្រតិបត្តិ CHF ដើម្បីសម្រេច។  គណៈកម្មការប្រតិបត្តិ CHF ជាអ្នកមានសិទ្ធសម្រេចថាទទួល ឬមិនទទួលជាសមាជិកផ្អែកលើលក្ខណ:វិនិច្ឆ័យដែលបានកំណត់។ ពេលបានការអនុញ្ញាតិទទួលស្គាល់ដោយគណៈកម្មការប្រតិបត្តិរួចហើយ ឈ្មោះអង្គការនោះនឹងត្រូវបានប្រកាសទទួលស្គាល់ថាជាសមាជិករបស់វេទិកាមនុស្សធម៌កម្ពុជាជាផ្លូវការ នៅលើគេហទំព័ររបស់CHF។

អណត្តិ

  • គណៈកម្មការប្រតិបត្តិរបស់វេទិកាមនុស្សធម៌កម្ពុជា គួររួមមានសមាជិកចំនួនបី ឬប្រាំនាក់ដែលក្នុងនោះយ៉ាងហោចណាស់ ត្រូវមានសមាសភាពជាស្រ្តីយ៉ាងតិចពីរនាក់ ដែលមកពីអង្គការផ្សេងៗគ្នា ហើយដែលជាសមាជិក CHF។ សមាជិក
    គណៈកម្មការនីមួយៗមានអណត្តិចំនួនបីឆ្នាំ។ ប៉ុន្តែសមាជិកគណៈកម្មការនីមួយៗអាចបន្តអាណត្តិរបស់ខ្លួនបាន បើសិនជាសមាជិករបស់ CHF ជ្រើសរើសគាត់ឱ្យបន្តមួយអាណត្តិបន្ថែមទៀត ប៉ុន្តែសមាជិកគណៈកម្មការនីមួយៗមិនអាចបន្តរធ្វើជាសមាជិកគណៈកម្មការប្រតិបត្តិលើសពី ពីរអណត្តិបានឡើយ។ ក្រោយពីបញ្ចប់ ០២ អណត្តិ សមាជិកគណៈកម្មាធិការត្រូវមិនឈរឈ្មោះ០១អណត្តិសិន ហើយបន្ទាប់ មកបើសិនជាចង់ឈរឈ្មោះបន្ត គឺអាចឈរឈ្មោះបន្តទៀតបាន។
  • អណត្តិរបស់អ្នកសម្របសម្រួលតាមខេត្ត និងអ្នកសម្របសម្រួលតំបន់ មានរយៈពេល បីឆ្នាំ។

ការជ្រើសរើសសមាជិកគណកម្មការ CHF

លក្ខណ:វិនិច្ឆ័យត្រូវបានព្រាងដោយលេខាធិការដ្ឋាន និងសម្រេចដោយមតិភាគច្រើននៃសមាជិក CHF។ ផ្អែកលើលក្ខណ:វិនិច្ឆ័យនោះការ ជ្រើសរើសនឹងត្រូវធ្វើឡើងតាមរបៀបពីរយ៉ាង៖

  • វិធីទី១គឺតាមរយ:ការស្ម័គ្រចិត្តរបស់សមាជិក CHF
  • វិធីទី២ គឺតាមរយ:ការបោះឆ្នោតជ្រើសរើស

ផលប្រយោជន៍

ក្នុងភាពជាសមាជិកនៃ CHF នឹងបានទទួលផលប្រយោជន៍ដូចតទៅ៖

  • ត្រូវបានទទួលការកសាងសមត្ថភាពលើផ្នែកត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយ តាមរយ:ការអនុវត្តន៍ផ្ទាល់ និងតាមរយ:វគ្គបណ្តុះបណ្តាលនានា
  • ទទួលបានបទពិសោធន៍តាមការអនុវត្តន៍លើការប៉ាន់ប្រមាណចែកជំនួយ
    សង្គ្រោះបន្ទាន់ ការត្រួតពិនិត្យតាមដាននិងវាយតម្លៃការងារ
  • បានចូលរួមក្នុងការងារត្រៀមបង្ការ
  • បានយល់ដឹងក្នុងការដាក់បញ្ចូលការងារត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ទៅក្នុងផែនការសកម្មភាពនៃការងារអភិវឌ្ឍន៍
  • ទទួលបានផលប្រយោជន៍ដោយផ្ទាល់តាមការប្រើប្រាស់គេហទំព័ររបស់ CHF
  • បានស្គាល់ម្ចាស់មូលនិធិនិងយល់ដឹងវិធីសាស្រ្តទំនាក់ទំនងជាមួយពួកគេ ក្នុងការស្វែងរកជំនួយ
  • ទទួលបានព័ត៌មានព្រមានជាមុនស្តីពីគ្រោះមហន្តរាយ ទទួលបានការទទួលស្គាល់ពីរដ្ឋាភិបាល
  • មានសង្ឃឹមច្រើនតាមរយ:ការងារជាបណ្តាញក្នុងការងារតស៊ូមតិឬការងារស្វែងរកជំនួយ

 សមាជិកគណកម្មការវិញ ក៏អាចទទួលបានផលប្រយោជន៍បន្ថែមទៀតដូចជា៖

  • ទទួលបានបទពិសោធន៍ក្នុងការដឹកនាំវេទិកា
  • ទទួលបានការចូលរួម និងទទួលស្គាល់ដោយអង្គការអន្តរជាតិនានា ក៏ដូចជាការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីស្នាដៃ និងលទ្ធផលការងាររបស់វេទិកាមនុស្សធម៌កម្ពុជា។

ជំនួយដែល CHF ត្រូវការ

សមាជិក CHF ទាំងអស់នឹងបានទទួលការជួយទំនុកបម្រុង ផ្នែកការកសាងសមត្ថភាព តាមរយ:ការផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ ទៅលើប្រធានបទត្រៀមបង្ការ និងឆ្លើយតបជាមួយគ្រោះមហន្តរាយ ក៏ដូចគ្នាផងដែរពេលនោះគណៈកម្មការ នឹងបានទទួលការបណ្តុះបណ្តាល និងបទពិសោធន៍ស្តីពីការងារសហប្រត្តិបត្តិការសម្របសម្រួល ការិយាល័យសម្រាប់លេខាធិការដ្ឋាន និងសម្ភារ:ក្នុងការិយាល័យជាដើម។ល។

របាយការណ៍

  • នៅក្នុងពេលវេលាធម្មតា(ពេលគ្មានគ្រោះមហន្តរាយ) គណៈកម្មការប្រតិបត្តិ CHFគួរសរសេររបាយការណ៍រៀងរាល់ប្រាំមួយខែម្តង និងរៀងរាល់មួយឆ្នាំម្តងជាទៀងទាត់
  • នៅក្នុងពេលមានគ្រោះមហន្តរាយ គណៈកម្មការប្រតិបត្តិ គួរសរសេររបាយការណ៍ទាន់ហេតុការ(Situation Report) របាយការណ៍នៃការងារប៉ាន់ប្រមាណ របាយការណ៍នៃការងារឆ្លើយតប និងរបាយការដទៃទៀត ទៅតាមតម្រូវការចាំបាច់
  • របាយការណ៍ទាំងនោះដូចបានរៀបរាប់ខាងលើ គួរត្រូវផ្ញើជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងតំបន់គោលដៅ លេខាធិការដ្ឋាន CHF និងសមាជិក CHF។ ច្បាប់ចម្លងនៃរបាយការទាំងនោះគួរត្រូវបានដាក់ចូលទៅក្នុងគេហទំព័រនៃ CHF។